ទីបំផុត Intel Core i9 ចេញ​ជាផ្លូវ​ការ​ហើយ! ស្រលាញ់​ពេញ​ចិត្ត​ហួស​និស្ស័យ​តែ​ម្ដង!

ពិតជាដូចពត៌មានដែលចេញផ្សាយ​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​មែន ដែលថា Intel មាន​គម្រោង​ធំ​ពិសេស​មួយ​ផ្សេង​ទៀត ដើម្បីបំបាក់ AMD ហើយទីបំផុត គម្រោងធំមួយ​នេះ​ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​ហើយ នៅក្នុងព្រឹត្តិការណ៍ Computex ឆ្នាំ 2017 នៅក្នុងទីក្រុងសៀងហៃ កាលពីប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច។ ការប្រកាសនោះ ស្ដីអំពីអាវុធធំថ្មីស្រលាងមួយផ្សេងទៀតរបស់ Intel គឺបន្ទះឈីប CPU ឈ្មោះ​ថ្មី​ត្រកូល Core i9 ដែលចេញគ្រងដំណែងត្រកូល Core i7 ដែលធ្លាប់តែខ្លាំងជាងគេប៉ុន្មានជា 6-7 ឆ្នាំ​កន្លង​មកនេះ។

ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវបន្ទះឈីប CPU ត្រកូលថ្មីនេះ គឺមានប្រើតែនៅលើម៉ាស៊ីន Desktop តែប៉ុណ្ណោះសម្រាប់ក្ដារដំបូងនេះ ដែល Intel ចេញ Core i9 ឡើង គឺផ្ដោត​សំខាន់​ទៅ​លើ​ល្បឿន​​ដ៏​អស្ចារ្យរបស់វា កុំឲ្យ AMD បានចិត្តពេក ព្រោះថា Core i9 មាន Core និង Thread ច្រើន សម្រាប់​កុងគ្នាជាមួយ Ryzen ដោយក្នុងនោះ Intel Core i9 ដែលបានប្រកាសចេញគឺចែកចេញជាលេខ​ធុន​មធ្យម រហូតដល់លេខកប់ជាពពួក Extreme Edition ដូចខាងក្រោមនេះ៖

  • Intel Core i9 7800X មាន 6 Cores និង 12 Threads
  • Intel Core i9 7820X មាន 8 Cores និង 16 Threads
  • Intel Core i9 7900X មាន 10 Cores និង 20 Threads
  • Intel Core i9 7920X មាន 12 Cores និង 24 Threads
  • Intel Core i9 7940X មាន 14 Cores និង 28 Threads
  • Intel Core i9 7960X មាន 16 Cores និង 32 Threads
  • និងខ្លាំងអស់លេខគឺ Intel Core i9 9780XE មាន 18 Cores និង 36 Threads

រាល់ CPU ស៊េរី Intel Core i9 ទាំង​ 7 លេខនេះគឺល្បឿន និងទំហំ Cache ផ្សេងគ្នាទៅតាមតម្លៃ និង​កម្លាំង​ផ្ទាល់ ដោយវាស៊ីភ្លើងតិចថែមទៀតចន្លោះពី 140W ទៅ 165W ប៉ុណ្ណោះ បើទោះបីជា CPU មួយ​ចំនួននៅមិនទាន់បានបង្ហាញលក្ខណៈសម្បត្តិពេញលេញជាផ្លូវការក៏ដោយ។ ម្យ៉ាងវិញទៀត រាល់ត្រកូល Core i9 ទាំងអស់ គឺបើកសិទ្ធិឲ្យម្ចាស់របស់វាធ្វើការ OverClock ល្បឿនបានយ៉ាងចាស់ដៃទៀតផង ទៅ​តាម​ប្រភេទ Motherboard និងដែកត្រជាក់ ឬធុងទឹកបន្ថយកម្ដៅជាដើម ថែមអាចអាច Support ជាមួយ​នឹង RAM ប្រភេទ DDR4-2666 ជាមួយ 44 PCIe 3.0 Lanes ជាដើម។

ក្នុងនោះ CPU ដែលកំពុងលោតក្នុងតារាងកំពូល ហើយកំពុងធ្វើឲ្យអ្នកស្រលាញ់កុំព្យូទ័រលង់ចិត្តនោះគឺ Core i9 7980XE ដែលមកពីពាក្យថា Extreme Edition គឺវាមាន Core ដល់ទៅ 18 និង Thread ចំនួន 36 ដែលតម្លៃលក់ក្នុងទីផ្សារគឺ 1999$ ដែលវាមានសមត្ថភាព​ខ្ពស់​ក្នុងការផ្គត់ផ្គង់កម្លាំងទៅដល់​អ្នក​មាន​តម្រូវ​ការខ្ពស់គ្រប់វិស្ស័យ លើកលែងតែម៉ាស៊ីន Server ចេញប៉ុណ្ណោះ។ មិនត្រឹមតែមាន Core i9 ស៊េរី X នោះទេ Intel ក៏បានប្រកាសចេញនូវ Core i7 ស៊េរី X ចំនួន 3 លេខ និង Core i5 ស៊េរី X ចំនួន 1 លេខ​ផង​ដែរ ដែលអតិថិជនអាចជ្រើសរើសបានទៅតាមទឹកប្រាក់ដែលអាចជះបាន។

គួរបញ្ជាក់ប្រាប់ផងដែរថា CPU ថ្មីខ្សែស្រឡាយ X នេះវាប្រើប្រាស់ Architecture ស្ថិតនៅក្នុងឈ្មោះ CPU ជំនាន់ទី 6 Sky Lake ផង និងជំនាន់ទិ 7 Kaby Lake ផង ដែលអាចយកទៅប្រើប្រាស់​ជាមួយ​នឹង Socket ពពួក LGA 2066 បាន ដែលបច្ចុប្បន្ន Motherboard ប្រើ Socket នេះនៅមិនទាន់មាន​វត្តមាន​លក់នៅស្រុកខ្មែរយើងនៅឡើយទេ តែនឹងមកដល់ឆាប់ៗខាងមុខនេះ។ សម្រាប់ប្រិយមិត្ត ដែល​ស្រលាញ់ ហើយចូលចិត្តដេញស៊េរីកុំព្យូទ័រ ឬចង់បានកុំព្យូទ័រមានកម្លាំងខ្លាំងលើសគេ តើអ្នកមាន​មតិ​យោបល់​​យ៉ាង​ណាដែរ ជុំវិញ Core i9 នេះ? ចង់បានវាមកប្រើប្រាស់ដែរទេ? បើចង់បានអ្នកត្រូវ​ចំនាយ​លុយចាប់ពី 1000$ ឡើងទៅ ទើបបាន Core i9 ធនមធ្យមមួយគ្រាប់មកប្រើប្រាស់ ហើយបើជះដល់ជាង 2000$ នឹងបានអាលេខកប់ស៊េរីមកប្រើតែម្ដង ដូចបានបញ្ជាក់ខាងដើម។

Intel Core i9 នឹងចេញលក់ប៉ុន្មានលេខជាមុនសិននៅក្នុងខែមិថុនាខាងមុខនេះ ហើយសម្រាប់​លេខ​កប់ៗ​​នឹងចេញលក់នាចុងឆ្នាំ 2017 នេះ!!