គ្រាន់តែប្រើឆ្នាំងសាក ក្លែងក្លាយអាចធ្វើឱ្យខូចថ្ម Iphone បានដែរ។

សំណួរ​ដ៏​ក្ដៅ​គគុក​មួយ​បាន​ចោទ​សួរ​នៅ​លើ​គេហទំព័រ​ ​Quora ក្រោម​ប្រធានបទ​ ​"តើ​ការ​ប្រើប្រាស់​ឆ្នាំង​សាក​ក្លែងក្លាយ​អាច​បង្ក​ជា​បញ្ហា​ខូច​​ថ្ម ដល់​ទូរសព្ទ iPhone ដែរ​ឬ​ទេ?” ចម្លើយ​គឺ​ ​វា​មិន​ប៉ះពាល់​ដល់​ថ្ម​នោះ​ទេ​ ​បើ​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ​ឬ​ស្លាក​សញ្ញា​ ​(Brand)​ ​មួយ​ដែល​អាច​ទុក​ចិត្ត​បាន។ បុគ្គល​មួយ​ចំនួន​បាន​ផ្ដល់​ចម្លើយ​ថា​បញ្ហា​នោះ​ផ្អែក​សំខាន់​ទៅ​លើ​ប្រភេទ​ឆ្នាំង​សាក​ដែល​អ្នក​ប្រើ។ ជា​ការ​ពិត​ណាស់​ ​ឆ្នាំង​សាក​ក្លែងក្លាយ (Fake) មិន​មាន​គុណភាព​ល្អ​ដូច​របស់​ពិត​ដែល​ចេញ​ពី​ ​Apple នោះ​ទេ។ ប៉ុន្តែ​ឆ្នាំង​សាក​ក្លែងក្លាយ​ខ្លះ​ ​វា​មិន​បាន​ជា​បង្ក​បញ្ហា​ភ្លាមៗ​ដល់​អ្នក​ឡើយ​ ​រហូត​ដល់​យើង​ប្រើប្រាស់​រាង​យូរ​បន្តិច​ទើប​បញ្ហា​ចាប់​ផ្ដើម​កើត​មាន។ ជា​ន័យ​រួម​វា​មិន​ជា​បញ្ហា​ចោទ​ដល់​ថ្ម​នៃ​ស្មាតហ្វូន​ឡើយ​ ​ដរាប​ណា​យើង​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ​ព្រោះ​ប្រភេទ​ដុំ​សាក​ខ្លះ​ ​មាន​កម្លាំង​វ៉ុល​ខ្ពស់​ទាប​ទៅ​តាម​ហ្នឹង​ ​បើ​វ៉ុល​កាន់​តែ​ខ្ពស់​សាក​ចូល​កាន់​តែ​លឿន​ ​បើ​វ៉ុល​ទាប​សាក​ចូល​កាន់​តែ​យឺត។​ ខណៈ​ដែល​ប្រភេទ​ក្លែងក្លាយ​ ​មិន​មាន​លិខិត​បញ្ជាក់​ធានា​​គុណភាព​ច្បាស់លាស់​ ​ម្ល៉ោះ​ហើយ​ការ​លើក​ឡើង​ដែល​ថា​ជា​ធម្មតា​ថ្ម​ ​iPhone​ ​ពេល​ពេញ​ ​១០០%​ ​វា​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ផ្ដាច់​ចរន្ត​អគ្គិសនី​បញ្ចូល​ ​យើង​មិន​គួរ​សាកល្បង​ជាមួយ​ដុំ​សាក​ក្លែងក្លាយ​ឡើយ​ ​ព្រោះ​មតិ​លើក​ឡើង​នេះ​សំដៅ​តែ​ការ​ប្រើ​ជាមួយ​ឧបករណ៍​ពិត​ចេញ​ពី​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ​(ដោយ​សារ​កម្លាំង​វ៉ុល​មាន​ភាព​ខុស​គ្នា)​ ​ជា​កត្តា​បើ​សាក​លើស​ ​១០០%​ ​ទុក​ចោល​យូរ​ ​នឹង​ធ្វើ​ឲ្យ​ដុំ​ឡើង​កម្ដៅ​ខ្លាំង​ រហូត​​​អាច​បង្ក​ជា​បញ្ហា​ផ្ទុះ​ក៏​ថា​បាន។ ការ​ប្រើប្រាស់​ដែល​ត្រឹមត្រូវ: (បើ​អ្នក​ប្រើ​ឆ្នាំង​សាក​ក្លែងក្លាយ) មិន​គួរ​សាក​ចោល​ពេញ​មួយ​យប់​ត្រឹម​ ​១០០%​ ​គឺ​បាន​ហើយ ជ្រើសរើស​ប្រភេទ​ឆ្នាំង​សាក​ក្លែងក្លាយ​ដែល​មាន​ស្លាក​សញ្ញា (Brand) គួរ​ឲ្យ​ទុក​ចិត្ត​មួយ។ ដោយឡែក​បញ្ហា​ដែល​ថា​ខូច​ថ្ម​នោះ ជួនកាល​អាច​មក​ពី​ថ្ម ព្រោះ​ធម្មតា​ថ្ម​មាន​រយៈកាល​តែ​ជាង​ ​២​ ​ឆ្នាំ​​ប៉ុណ្ណោះ​ ​ដោយ​ថ្ម​មួយ​គ្រាប់​មាន​វដ្ដ​នៃ​ការ​សាក​មាន​ចំនួន​កំណត់​ ​ហើយ​បើ​ដល់​កំណត់​វា នោះ​ចំនួន​អំពែ​ផ្ទុក​ក្នុង​ថ្ម​នឹង​​ធ្លាក់​ចុះ​ម្ដង​បន្តិចៗ​ ​ជា​កត្តា​ធ្វើ​ឲ្យ​យើង​តែង​រអ៊ូ​ថា​ថ្ម​មិន​សូវ​កាន់​ជា​ដើម៕