គេង​ស្រាត​ពេល​រាត្រី​មាន​ប្រយោជន៍​ដល់​សុខភាព

គេង​ស្រាត​ពេល​រាត្រី​មាន​ប្រយោជន៍​ដល់​សុខភាព

ការសិក្សា​ជា​អន្ដរជាតិ​របស់​មូលនិធិ​ដំណេក​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម​ ៣​នាក់​មាន​ទម្លាប់​គេងស្រាត ហើយ​ទង្វើ​នេះ​មាន​គុណប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។

ក្រុម​អ្នក​ជំនាញ​សន្និដ្ឋាន​ថា​ដំណេក​ននលគក​អាច​បង្កើន​គុណភាព​ដំណេក​បាន​លក់​ស្កប់ស្កល់ ជួយ​ដុតកាឡូរី និង​ជួយ​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតល្មួត​ផង​ដែរ​។

គេងស្រាត​ស្មើ​នឹង​ដំណេក​ដ៏លង់លក់​ពេល​រាត្រី

គុណប្រយោជន៍​នៃ​ដំណេក​ស្រាត​គឺ​វា​បាន​ជួយ​បន្ធូរ​ភាពតានតឹង និង​ផ្ដល់​ភាព​ត្រជាក់​ដល់​រាងកាយ ព្រមទាំង​រក្សា​សីតុណ្ហភាព​សមល្មម​សម្រាប់​ខួរក្បាល​។

ការ​រំខាន​ដំណេក​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ពេក​មិន​ត្រឹមតែ​មាន​ន័យ​ថា លោក​អ្នក​ដេក​បាន​តិច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​គេង​មិន​ពេញ​ភ្នែក​ទៀត​ផង​។

គេង​ននលគក​ដើម្បី​កម្ចាត់​កាឡូរី​ឥត​បាន​ការ

អ្នក​ដែល​មាន​អារម្មណ៍​ស្អុះស្អាប់​ពេល​រាត្រី និង​ចង់​គេង​ស្រាត អាច​មាន​សារធាតុ​ខ្លាញ់​ពណ៌​ត្នោត​ច្រើន​ដែល​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ​ជាង​អ្នក​ដទៃ​។ ខណៈ​ពេល​ខ្លាញ់​ពណ៌​ត្នោត ដែល​ជា​ពពួក​ខ្លាញ់​ល្អ​ក្នុង​រាងកាយ​នោះ​មាន​កាន់តែ​កើន​ច្រើន ពេល​យើង​ទទួលទាន​អាហារ​មាន​កាឡូរី​លើស​ធម្មតា ខ្លាញ់​ពណ៌​ត្នោត​នោះ​អាច​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស និង​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​ឲ្យ​ប្រក្រតី​ឡើង​វិញ​។ ប៉ុន្ដែ​សីតុណ្ហភាព​ក្នុង​បន្ទប់​ក៏​មិន​គួរ​បន្ថយ​ឲ្យ​ត្រជាក់​ពេក​រហូត​រាងកាយ​មិន​អាច​ទ្រាំ​បាន​ផង​ដែរ មិន​ដូច្នោះ​ទេ​លោក​អ្នក​នឹង​មិន​អាច​គេង​លក់​ឡើយ​។

ជួយ​បន្ទាប​សម្ពាធ​ឈាម

ដៃគូ​រួមគ្រែ​ក៏​អាច​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​របស់​លោក​អ្នក​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​ការ​ស្រាត​អាច​ជួយ​ប្រមូល​ផ្ដុំ​អ័រម៉ូន​ម៉្យាង​ឈ្មោះ​ថា​អុកស៊ីតូស៊ីន ជា​អ័រម៉ូន​ដែល​បង្ហាញ​ពី​សុខភាព​មាំមួន​។ អុកស៊ីតូស៊ីន​មាន​ប្រសិទ្ធភាព​ការពារ​បេះដូង និង​បន្ទាប​សម្ពាធ​ឈាម​។ វា​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ស៊ាំ និង​បន្ថយ​ការ​ថប់​អារម្មណ៍​ផង​ដែរ​។ គុណប្រយោជន៍​នៃ​អ័រម៉ូន​នេះ​ក៏​អាស្រ័យ​លើ​ដៃគូ​ទាំង​សង​ខាង​ពេញចិត្ត​ក្នុង​ការ​គេងស្រាត​សាច់​ប៉ះ​សាច់​ផង​ដែរ​។

ជំរុញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ផ្អែមល្ហែម​យូរអង្វែង

អ្នកជំនាញ​ផ្នែក​សិចសាស្ត្រ​បាន​រកឃើញ​ថា អ្នក​ដែល​គេង​អត់​ខោអាវ​មាន​ជីវិត​ផ្អែមល្ហែម​ជាមួយ​ដៃគូ​ជាង​អ្នក​ដែល​ស្លៀកពាក់​ខោអាវ​។ ការ​គេងស្រាត​គឺជា​យុទ្ធសាស្ដ្រ​ដ៏ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ឲ្យ​ដៃគូ​ប៉ះពាល់​ខ្លួន​។ ឈុត​គេង​យប់​អាច​ផ្ដល់​ជា​សារ «​មិនមែន​យប់​នេះ»​។ ផ្ទុយ​ទៅវិញ​ការ​គេង​អាក្រាត​គឺជា​សារ​បើក​ភ្លើង​ខៀវ​ដល់​ដៃគូ​ផ្ដើម​ប្រតិបត្តិការ​។

បញ្ឈប់​ជំងឺ​ឆ្លង

គេង​អត់​ស្លៀកពាក់​អ្វី​សោះ​អាច​ជួយ​ស្ដ្រី​ពី​ការ​ផ្អាប់​ទុក​នូវ​ជំងឺ​ឆ្លង​នានា ដូចជា​បញ្ហា​ស្អុយ​នៅក្នុង​ប្រដាប់ភេទ​ជាដើម​។ មេរោគ​ស្អុយ​ច្រើន​កកើត​នៅ​ទីកន្លែង​ក្ដៅ​ឧណ្ហៗ ពិសេស​តំបន់​កន្លុកកន្លៀត​។ ដូច្នេះ​ការ​ស្លៀកពាក់​រលុង ឬ​ខ្លួន​ទទេ​ស្អាត​គឺជា​ជម្រើស​ដ៏ល្អ​។ បើ​លោក​អ្នក​ស្លៀក​សម្លៀកបំពាក់​ចង្អៀត វា​មាន​ន័យ​ថា បរិវេណ​នោះ​មាន​ខ្យល់​ចេញ​ចូល​តិច​បំផុត​ដែល​ធ្វើឲ្យ​បែកញើស​បង្ក​ឲ្យ​កើត​មេរោគ​បាក់តេរី​នានា។

បើ​លោក​អ្នក​មិន​អាច​គេង​ស្លៀក​ខ្យល់​ដណ្ដប់​មេឃ

អ្នក​ដែល​អៀន​ក្នុង​ការ​គេងស្រាត សូម​ជ្រើសរើស​ឈុត​គេង​រលុង​។ អំបោះ​ធម្មជាតិ ដូចជា រោមចៀម កប្បាស ឬ​សូត្រ​មាន​សំណើម និង​រន្ធ​ខ្យល់​ធ្វើឲ្យ​រាងកាយ​មិន​ក្ដៅហប់ ព្រមទាំង​មាន​អារម្មណ៍​សុខស្រួល​។ គ្រប​ដងខ្លួន ដៃ និង​ជើង​។ ជំនួយ​ភួយសំឡី​ក្រាស់ៗ​មក​ប្រើ​ភួយស្ដើង​ដែល​អាច​បក​មួយ​ស្រទាប់ៗ​ចេញ​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ក្ដៅ​។ លោក ម៉ៃ ធីបតុន សាស្ដ្រាចារ្យ​ផ្នែក​មនុស្សសាស្ដ្រ និង​សរីរាង្គ​អនុវត្ដ​នៅ​សាកលវិទ្យាល័យ​ផតម៉ោស ណែនាំ​ថា​៖ «ខោអាវ​គេង​គួរ​ប្រើ​ក្រណាត់​ដែល​សម្រួល​ដល់​ចរន្ត​ខ្យល់ និង​សំណើម ទើប​អ្នក​អាច​គេង​បាន​ស្រួល»៕ HR

TECH NEWS KHMER