លោក Liang Tao អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន Seatel បានបញ្ជាក់ប្រាប់ Sabay ថា ក្រុមហ៊ុនគ្មានកម្មវិធីដូរលុយ ១ ដុល្លារ បាន ២ ០០០ ដុល្លារដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន។
លោកថា បន្ទាប់ពីការលេចឡើងបាតុភាពប្រកួតប្រជែងគ្នារបស់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនលើគម្រោងដូរលុយ ស្រាប់តែលេចព័ត៌មានថាក្រុមហ៊ុនក៏កម្មវិធីដូរលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីប្រកួតប្រជែងក្រុមហ៊ុនដទៃទៀត។
លោកបញ្ជាក់ថា Seatel គ្មានកម្មវិធីបែបនេះទេ។ ក្រុមហ៊ុនផ្តោតលើការពង្រឹងលើគុណភាពសេវាបម្រើដល់អតិថិជន ជាយុទ្ធសាស្រ្តសំខាន់សម្រាប់ការប្រកួតប្រជែង។
បន្ទាប់ពីលេចបាតុភាពរវាងក្រុមហ៊ុន Smart និង Cellcard ពីកម្មវិធីដូរលុយដែលនាំកើតបញ្ហារកាំរកូសគ្នា និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ថ្មីៗក៏មានគម្រោងកោះហៅក្រុមហ៊ុនទូរសព្ទក្នុងស្រុកទាំងអស់ចូលរួមប្រជុំដោះស្រាយលើបញ្ហាការកំណត់តម្លៃ និងបទបញ្ញត្តិផ្សេងៗដើម្បីចៀសវាងការបង្កឲ្យមានជម្លោះតម្លៃសេវារបស់ក្រុមហ៊ុនប្រកួតប្រជែង។